រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សា និងដាក់ចេញវិធានការរឹតបន្តឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺការរឹតបន្តឹងការគ្រប់គ្រងជនបរទេស និងវិធានការចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់
នាឱកាសនៃកិច្ចប្រជុំនោះ លោក ជិន ប៊ុនធឿន បានក្រើនរំលឹក និងស្នើយ៉ាងទទូចដល់ម្ចាស់ទីតាំងស្នាក់នៅទាំងអស់ក្នុងមូលដ្ឋាន ដែលរួមមាន ម្ចាស់សណ្ឋាគារ ផ្ទះជួល បុរី ផ្ទះសំណាក់ បន្ទប់ជួល និងអគារខុនដូ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី
លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់យ៉ាងដាច់អហង្ការថា ម្ចាស់ទីតាំងទាំងអស់ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងគ្រប់ជ្រុងជ្រោយស្របតាមស្មារតីនៃ អនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមយ៉ាងសកម្មពីសំណាក់ម្ចាស់ទីតាំងទាំងនេះ គឺជាកាតព្វកិច្ច និងជាកម្លាំងដ៏សំខាន់ ដើម្បីឈានទៅលុបបំបាត់បទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាជាដាច់ខាត៕
















No comments:
Post a Comment