គ្រាន់តែទទួលបានដំណឹងភ្លាមអំពីការចុះអន្តរាគមន៍ផ្ទាល់ពី លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ដែលបានបញ្ជូនទារិការងគ្រោះត្រូវម្ដាយចិត្តអប្រិយបោះបង់ចោល ទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា កាលពីនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នោះ គេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបណ្ដាញសង្គមផ្សេងៗទៀត។
នៅក្នុងនោះផងដែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ្នកម្ដាយចិត្តធម៌ ហ៊ុន ស៊ីណាត បានសរសេររំលេចក្នុងសំណេររបស់លោកជំទាវយ៉ាងដូច្នេះថា៖
«រឿងនេះខ្ញុំឧស្សាហ៍និយាយថា អ្នកដែលកើតកូនយកទៅបោះចោល យើងតាមរកអ្នកបោះចោលអាចឆែកតាមមន្ទីរពេទ្យក្បែរៗនោះដឹងហើយ ចាប់ម្ដាយឪពុកវាមកដាក់ទោសទើបត្រូវ។ អរគុណលោកអធិការខណ្ឌកំបូលដែលបានចុះទៅយកផ្ទាល់ពីក្បែរចេតិយ យកទៅមន្ទីរពេទ្យហើយ។ ចៅអើយ អធិការគាត់ដោះអាវគ្របឲ្យ។ គិតទៅបើវាមិនយកសោះឡើយ ហេតុអីចាំបាច់ពរពោះដល់កើតនោះ!»
បងប្អូនទស្សនិកជនជាទីមេត្រី!
ក្រោមការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ផែនការដឹកនាំដ៏មានប្រសិទ្ធភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, និងការយកចិត្តទុកដាក់ខ្ពស់ពី លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានចុះផ្ទាល់ទៅពិនិត្យទីតាំងករណីប្រជាពលរដ្ឋប្រទះឃើញទារិកាត្រូវគេយកមកបោះបង់ចោល នៅចំណុចវត្តកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះទឹកចិត្តដ៏សប្បុរស ប្រកបដោយព្រហ្មវិហារធម៌ និងកុសលធម៌ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អ្នកម្ដាយចិត្តធម៌ ហ៊ុន ស៊ីណាត ដែលតែងតែមានសប្បុរសធម៌ និងការយកចិត្តទុកដាក់គាំទ្រដល់សង្គមជាតិយើងជានិច្ចកាល។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ លោកជំទាវ អ្នកម្ដាយចិត្តធម៌ ហ៊ុន ស៊ីណាត ព្រមទាំងស្វាមី និងបុត្រាបុត្រីជាទីស្រឡាញ់។
ជាទីបញ្ចប់ យើងខ្ញុំសូមបួងសួងឱ្យព្រះរតនត្រ័យប្រោសព្រំប្រទានពរជ័យជូន លោកជំទាវ និងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។











No comments:
Post a Comment