គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, August 9, 2025

ក្រសួងការបរទេសកម្ពុជា ទាត់ចោលសេចក្ដីថ្លែងការណ៍របស់ថៃ ករណីទាហានថៃជាន់មីន និងចោទថាកម្ពុជាដាក់មីនថ្មីនៅព្រំដែន

ក្រសួងការបរទេសកម្ពុជា ទាត់ចោលសេចក្ដីថ្លែងការណ៍របស់ថៃ ករណីទាហានថៃជាន់មីន និងចោទថាកម្ពុជាដាក់មីនថ្មីនៅព្រំដែន 

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីនៅព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យទាហានថៃ៣នាក់ជាន់មីនផ្ទុះ។

ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំងភាគីម្ខាងទៀត។

លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី»។

លោកបានអះអាងដែរថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន ក៏បានធ្វើការបកស្រាយដោយច្បាស់លាស់មួយ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃដែលគ្មានមូលដ្ឋាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំមានការស៉ើបអង្កេតដែលអាចជឿជាក់បាន ឬប្រកបដោយតម្លាភាពពាក់ព័ន្ធឧប្បទេវហេតុដែលបានលើកឡើងរបស់ភាគីថៃ។ កម្ពុជាអំពាវនាវឲ្យមានការអត់ធ្មត់ ហើយជៀសវាងការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលធ្វើឲ្យប៉ះពាល់នូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់។

សូមរំលឹកថា អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាមានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages