គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 14, 2025

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជា​ធិបតី​ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ​ទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។

ក្នុងព្រះរាជពិធីនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូលរួមពីសំណាក់ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់​ឆ្នាំង​យ៉ាង​ច្រើនកុះករ។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី ទទួលបានព្រះ​បរមរាជា​នុញ្ញាត​ពី​ព្រះមហាក្សត្រ ធ្វើជាស្តេចមាឃ និងមេហួ ដើម្បីប្រារព្ធកិច្ច​ច្រត់​ព្រះ​នង្គ័ល និងសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជ​បវេណី​នៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូល​ស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគ​របស់​គោឧសភ​រាជ។ ពិធីនេះដែរក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែល​ពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែចម្ការ​បាន​ចូលមកដល់ហើយ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជា​រៀង​រាល់ឆ្នាំ នៅក្នុងខែពិសាខ។ ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់​បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុង​ចំណោម​ព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជា​ព្រះរាជ​ពិធី​ទ្វារទសមាស។

នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរ​កសិ​កម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគ​ផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំ​ផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាម​រយៈព្រះរាជ​ពិធី​ខាង​លើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដ​ជាបណ្តាលមកពីពិធីកម្មនេះឯង។

តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់​ស្រុក​ទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែល​ទឹម​​ច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុង​លក្ខណៈ​តាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែល​សម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាម​ដែល​ធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់​ស្រោមមុខ​ស្រោម​ស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះ​នង្គ័ល​ទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយ​អន្លើៗ ឯចន្ទោល​ព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមាន​លក្ខណៈ​ពិសេស​ គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យ​អធិ​ដ្ឋាន​​ផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹក​អា​ហារ៧​យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់​ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះ​ក្បាល​ព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧស​ភ​រាជ​ទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជ​ចូល​ចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages