គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, July 13, 2025

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

 

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺនកងរាជ-អាវុធហត្ថភ្នំជុំសែនរីករាយ» ជាមួយការអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចារឹក និងចងចាំនូវ​គុណូបការៈការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថ​ដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ការចូលរួម ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ជួយសង្គ្រោះប្រជាពលរដ្ឋជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់​ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេម​រភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន​សម្ភារ ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ និង វិជ្ជាជីវៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយកសាលា នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់​ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់រក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្ដរជាតិ កិច្ចប្រជុំតូច-ធំ ពិធីបុណ្យផ្សេងៗ, ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស, ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និង ជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីនយោបាយ, គោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសបេសកកម្មរបស់កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និងទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និង ការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និង មាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា សហការជាមួយក្រសួង ស្ថាប័ននានា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយ​នៃកង​យោធ​ពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវ​ជំនាញ​វិជ្ជាជីវៈកងរាជអាវុធហត្ថ និង ជំនាញយោធា។ ដូច្នេះ កងរាជអាវុធហត្ថ មាន​តួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាអាទិភាព​មួយ​ក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ដើម្បីធានាឱ្យសន្តិភាព សន្តិសុខ ស្ថិរភាព និង លើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សរ៍ និង អំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើល​ងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយ​ភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវការបំផុតនូវសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កម្ពុជាគ្មាននយោបាយ និង ជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ​មកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ដូច្នេះរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការយក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ទាំង៤នេះ មិនអាចដោះស្រាយទ្វេភាគីនោះឡើយ ព្រោះភាគីថៃប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយហ្គូហ្គលក៏ឈ្លោះ ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហាបន្តដល់កូនចៅជំនាន់ក្រោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជា មិនដកថយនោះឡើយចំពោះតំបន់ទាំង៤ គឺកម្ពុជានៅតែប្រើយន្តការអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះបន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចមហាបវរធិបតី ផ្តល់លក្ខខណ្ឌ៣សម្រាប់ការបើកព្រំដែននេះរួមមាន៖ ១៖ ថៃប្រកាសបើកមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, ៣៖ បើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកលើការកែសម្រួលកងទ័ពអាចធ្វើទៅបាន ត្រូវបើកច្រកព្រំដែនឱ្យដូចដើមវិញជាមុនសិន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមែនជាអ្នកបង្កបញ្ហានោះឡើយ ហើយកូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា រក្សាសិទ្ធិប្រើគ្រប់មធ្យោបាយក្នុងការការពារបូរណភាពទឹកដី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមលំបាក តែបានធ្វើឱ្យមនុស្សត្រៀមលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសង្គ្រាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលថ្មីៗនេះ ទើបមានការប្រជុំចង្អៀតមួយក្នុងការធ្វើកំណែទម្រង់កងទ័ព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវតែធ្វើជាប់ជាប្រចាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ សម្រាប់សម្តេចមហាបវរធិបតី ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបណែនាំឱ្យ​ធ្វើវិសោធនកម្មច្បាប់​សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធននិវត្តន៍ នឹងធ្វើឱ្យកម្ពុជា កើនកម្លាំងទ័ពសម្រាប់កិច្ចការពារជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែកឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាព​សហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រការស្ថាបនាផ្លូវក្នុងតំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសិក្សា និង ដំណើរការរៀបចំស្ថាបនា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវខិតខំថែរក្សា ជួសជុលសំណង់ដែលស្រាប់ និង យកចិត្តទុកដាក់សាងសង់ថ្មី តាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ជាពិសេសត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និង បានគង់វង្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា ដូចជា ការជួញដូរផលិត ចែកចាយគ្រឿងញៀនខុសច្បាប់, អំពើជំរិតទារប្រាក់ ឆបោកតាមអនឡាញ, អំពើជួញដូរមនុស្ស, អំពើភេរវកម្ម, បទល្មើសធនធានធម្មជាតិ និងអំពើល្មើសច្បាប់នានា។ ក្រៅពីនោះត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និង សង្គ្រោះគ្រោះមហន្តរាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និង សូមសម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និង សម្ភារដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages