គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, June 12, 2025

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center)

   ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center)

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានចេញសេចក្តីជូនដំណឹង អំពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ជាក់ថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៥-ការផ្ដល់សេវាបច្ចេកវិទ្យាក្លោដ រួមមាន សេវាហេដ្ឋារចនាសម្ព័ន្ធ (Infrastructure as a Service – IaaS) សេវាសម្រាប់ការអភិវឌ្ឍនិងដំណើរការសុសវែរ (Platform as a Service – PaaS) និងសេវាសម្រាប់ការប្រើប្រាស់សុសវែរ (Software as a Service – SaaS) ត្រូវស្នើសុំអាជ្ញាបណ្ណការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពីក្រសួង។

កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែផ្សព្វផ្សាយជាប្រចាំដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការផ្ដល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យ ដោយពុំមានការអនុញ្ញាត និងមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្របតាមបទប្បញ្ញត្តិជាធរមាន។ យោងតាមមាត្រា៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានចែងថា «គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវសារជាថ្មីដល់លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ សូមមកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសណាដែលធ្វើប្រតិបត្តិការផ្ដល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages