គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 7, 2025

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមបរិភោគអាហារមានអនាម័យ និងចម្អិនឆ្អិនល្អ ដើម្បីបង្ការការឆ្លងជំងឺអង់ត្រាក់ ដែលកំពុងផ្ទុះនៅប្រទេសថៃ, មកទល់ពេលនេះ កម្ពុជាមិនទាន់មានជំងឺនេះទេ

 

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមបរិភោគអាហារមានអនាម័យ និងចម្អិនឆ្អិនល្អ ដើម្បីបង្ការការឆ្លងជំងឺអង់ត្រាក់ ដែលកំពុងផ្ទុះនៅប្រទេសថៃ, មកទល់ពេលនេះ កម្ពុជាមិនទាន់មានជំងឺនេះទេ

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ពិសេសពីការឆ្លងជំងឺអង់ត្រាក់ (Bacillus Anthracis) ឬពិសធ្យូងដែលកំពុងតែកើតមាននៅប្រទេសថៃ និងបណ្ដាប្រទេសមួយចំនួនទៀត ខណៈមកទល់នឹងពេលនេះ កម្ពុជាយើងអត់ទាន់មានជំងឺនេះនៅឡើយទេ។

ការអំពាវនាវយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «កម្ពុជាយើងអត់ទាន់មានជំងឺអុងត្រាក់ទេ ប៉ុន្ដែយើងបានសហការគ្នាជាមួយពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម ក្នុងការពួតដៃគ្នា ធ្វើយ៉ាងម៉េចឱ្យបងប្អូនយើងមានសុវត្ថិភាពសុខភាពពីជំងឺនេះ។ តែទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋយើង ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ទោះបីមិនទាន់មានករណីជំងឺនេះក៏ដោយ»

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា ក្រសួងសុខាភិបាល គឺមានការយកចិត្ដទុកដាក់ ធ្វើយ៉ាងណាឱ្យការការពារសុខភាព របស់បងប្អូនប្រជាពលរដ្ឋយើង បានល្អ ដូច្នេះសូមបងប្អូនយើងមានភាពកក់ក្ដៅ ហើយរួមគ្នាការពារឱ្យបានមុន, ហើយសង្ឃឹមថាជំងឺនេះនឹងមិនយាយីមកដល់ប្រជាជនយើងនោះទេ។

ដើម្បីបង្ការខ្លួនជំងឺអង់ត្រាក់នេះ សូមរក្សាទម្លាប់ពិសាអាហារដូចមុនធម្មតា គឺត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ មានអនាម័យ ជាពិសេសទៅលើប្រភេទសាច់ស្រស់ បើដឹងពីប្រភពកាន់តែល្អ ពីព្រោះជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។

លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺ អាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំដល់រាប់ឆ្នាំ (៣០- ៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន៖ គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ញ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។

ក្រសួងសុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។ នេះបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

របៀបចម្លងជំងឺអង់ត្រាក់៖
* មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង
* ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់
* ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់
* ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់
* មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺអង់ត្រាក់អាចឆ្លងខ្លាំង។

រោគសញ្ញា៖ មាន ៣សណ្ឋាន៖
សណ្ឋានលើស្បែក៖
* មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័របស់មេរោគ
* រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់
* ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្ដាលខៅ្ម មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។

សណ្ឋានក្រពះ-ពោះវៀន៖
* ការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់
* រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ
* អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅញាក់ ហើមក ហើមកូនកណ្ដុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់

សណ្ឋានផ្លូវដង្ហើម៖
* ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន
* កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួត
* រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ
* រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូងហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។

វិធានការណ៍បង្កការឆ្លង៖
* ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វ ដែលសង្ស័យថាមានជំងឺអង់ត្រាក់
* ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់
* សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល
* មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទ
* ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងមកលេខ ១១៥៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages