គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, May 4, 2025

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»

 ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន​ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់​សង្គម​-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព​ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥​-២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លង់ម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្យាបាលជារឿងមួយត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចមហាបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនបរទេសមួយមានបំណងមកវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា។ បំណងនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មាន សារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាង ដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោម​កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្រប​ដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់ គោលដៅច្បាស់លាស់ចំនួន ៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និង ទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើការថែទាំសុខភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំង​ជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែក​សុខា​ភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទី នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages