គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, January 27, 2025

រដ្ឋមន្ត្រី នេត្រ ភក្រ្តា លើកទឹកចិត្តយុវជនត្រូវស្រឡាញ់ការអានសៀវភៅឱ្យបានច្រើន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាទីប្រឹក្សាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងថា ការវិនិយោគលើសៀវភៅ គឺជាការវិនិយោគលើការង្កើននូវពុទ្ធិ ពង្រឹងស្មារតី និងចំណេះដឹង ហើយការអានសៀវភៅ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីផ្លាស់ប្ដូរខ្លួនឯង, សូមលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ត្រូវស្រឡាញ់ការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ ហើយការអានសៀវភៅច្រើនបានបង្ហាញនូវគំនិតថ្មីៗ និងដំណើរការគិតដែលអាចជំរុញឱ្យមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងជំនាញដោះស្រាយបញ្ហា។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលសមាគមអ្នកនិពន្ធខ្មែរ វគ្គ៣៤ ៣៥ និង៣៦ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាសាលចុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។ ពិធីប្រគល់វិញ្ញាបនបត្រនេះក៏មានការអញ្ជើញចូលរួមពីលោក ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងថា ការអានសៀវភៅ ជាមួយការអានព័ត៌មាន គឺខុសគ្នាព្រោះការអានព័ត៌មានគ្រាន់ដឹងតែមិនសុីជម្រៅ បើការអានសៀវភៅវិញបានផ្តល់នូវគំនិតពុទ្ធិច្រើន ព្រោះអ្នកនិពន្ធសៀវភៅបានប្រើប្រាស់ពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ដោយ មួយល្បះមួយពាក្យៗដែលបានសរសេរឡើងគឺបាន ពិចារណាទៅលើគំនិតឈរលើភាពត្រឹមត្រូវ និងភាពសុីជម្រៅនូវអ្វីដែលបានតាក់តែង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «អ្នកនិពន្ធចាំបាច់ណាស់ត្រូវធ្វើការអាន និងសិក្សាស្រាវជ្រាវឱ្យបានច្រើន ដើម្បីប្រមូលនូវគំនិត ដោយយើងមិនមែនលួចគេនោះទេ ប៉ុន្តែការអានគំនិតរបស់គេ គឺបានធ្វើឱ្យយើងអាចចាប់ជាចំណុចដែលនាំឱ្យយើងអាចបង្កើនគំនិតថ្មីរបស់យើង ដែលនេះជាចំណុចមួយធ្វើឱ្យយើងអាចយក មកបំប្លែងបង្កើតជាថ្មីដើម្បីធ្វើឱ្យមានការរីកចម្រើនបន្តទៅទៀត។ ដូច្នេះហើយ បើសិនជាអ្នកនិពន្ធ មិនអាន មិនសិក្សាស្រាវជ្រាវនោះទេ អ្នកនិពន្ធយើងមានគំនិតខ្លី ហើយស្នាដៃនិពន្ធ ក៏មិនសូវមានគុណវុឌ្ឍិ និងមិនមានអ្វីជាការចាប់ អារម្មណ៍នោះដែរ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា អ្នកនិពន្ធ បានបង្កើតស្នាដៃល្អៗបែបអក្សរសីល្ប៍ ស្នាដៃតែងនិពន្ធរឿងផ្សេងៗដើម្បីជាការកម្សាន្ត សប្បាយ តែអ្វីដែលសំខាន់ អ្នកនិពន្ធគួរតែចូលរួមជួយបង្កើតក្បួនតម្រា ក្បួតខ្នាតឱ្យបានត្រឹមត្រូវ ព្រោះថាការពង្រឹងមូលដ្ឋានគ្រឹះនៃចំណេះដឹង បើយើងចេះអត់ក្បួនខ្នាត គឺអត់ត្រឹមត្រូវនោះទេ ដូច្នេះហើយជាការចាំបាច់ត្រូវតាក់តែងក្បួនខ្នាតដើម្បីកសាងសង្គមរបស់យើងឱ្យបានរឹងមាំ។

ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបជូនថា នៅក្នុងបរិបទ Digital នេះ ការរំលោភបំពានទៅលើក្រមសីលធម៌ និងស្នាដៃអ្នកនិពន្ធគឺងាយមែនទែន ដែលធ្វើឱ្យអ្នកនិពន្ធមួយចំនួនបាត់បង់នូវទឹកចិត្តក្នុងការតែងនិពន្ធ ព្រោះត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការតែងនិពន្ធ ប៉ុន្តែ ស្នាដៃរបស់ខ្លួនមិនទាន់បានលក់ផង ឬនៅមិនទាន់ដាក់នៅលើទីផ្សារផង ពេលខ្លះត្រូវបានបែកធ្លាយលើទីផ្សារ។ ចំណុចនេះក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់សូមកុំបាក់ទឹកចិត្តនៅពេលគេលួចចម្លងស្នាដៃ ហើយក្រសួងព័ត៌មាន គឺជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយស្នាដៃរបស់អ្នកនិពន្ធ ហើយក៏ពង្រឹងទៅលើការការពារនូវកម្មសិទ្ធិបញ្ញាផងដែរ។

នៅក្នុងក្របខណ្ឌនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏មានចែងអំពីការហាមឃាត់នូវការលួចចម្លងស្នាដៃអ្នកដទៃផងដែរ តាមរយៈនេះលោកក៏សំណូមពរដល់អ្នកនិពន្ធ ដែលរៀនខាងអក្សរសិល្ប៍សូមបង្កើន និងពង្រីកនូវការស្រាវជ្រាវចងក្រងរបស់ខ្លួនកុំទៅលើតែអក្សរសិល្ប៍ តែត្រូវរៀបចំក្បួនខ្នាត ឬជំនាញផ្សេងៗទៀតចងក្រងឱ្យបានច្រើន ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យមានសណ្តាប់ធ្នាប់ និងចំណេះដឹងរបស់យើងមានមូលដ្ឋានគ្រឹះច្បាស់លាស់ វប្បធម៌ ប្រពៃណីរបស់ជាតិខ្មែរ គឺមានច្រើនណាស់ដែលគេចង់បាន បើសិនជាខ្មែរយើងភ្លេចខ្លួនគឺនាំឱ្យពិបាក។

លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលតែងនិពន្ធបានរៀបចំ បានចំនួន ៣៣វគ្គ សរុបសិក្ខាកាមប្រមាណជាង ២ ៥០០នាក់រួចមកហើយ និងវគ្គ៣៤, ៣៥ និង៣៦ មានចំនួនប្រមាណ ១៦០អង្គ/នាក់ ដែលបានសិក្សាលើប្រធានបទសំខាន់ៗជាច្រើនដូចជា៖ សិល្ប៍វិធីតែងនិពន្ធ, ប្រលោមលោក, រឿងខ្លី, កំណាព្យ និងទំនុកច្រៀង, សារៈសំខាន់នៃអក្សរសាស្ត្រខ្មែរក្នុងកិច្ចការតែងនិពន្ធ, ការឈ្វេងយល់ពី ពិធីការខ្មែរសម្រាប់អ្នកនិពន្ធ, ក្រមសីលធម៌របស់អ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ, ការបញ្ជ្រាបទស្សនវិជ្ជា ក្នុងស្នាដៃ ជាដើម ដើម្បីលើកស្ទួយគុណភាព និងប្រសិទ្ធភាពនៃស្នាដៃរបស់អ្នកនិពន្ធក្នុងការបម្រើអារម្មណ៍អ្នកអានប្រកបដោយភាពថ្លៃថ្នូរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages